រយៈពេល ២៨ សប្តាហ៍ ដើមឆ្នាំ២០១២ កុមារកម្ពុជា ៦៤នាក់ បានស្លាប់ ដោយជំងឺ គ្រុនឈាម

ភ្នំពេញ ៖ ក្នុងរយៈពេល ២៨ សប្តាហ៍ ដើមឆ្នាំ២០១២ ជំងឺគ្រុនឈាម បានសម្លាប់កុមារកម្ពុជា ចំនួន៦៤នាក់ ដែលមាន (អត្រាស្លាប់រហូតដល់ ០,៣៦% ) ក្នុងចំណោម អ្នកជំងឺ ដែលបានចូលសម្រាកព្យាបាល សេវាសាធារណៈចំនួន ១៧.៩៣៥នាក់។

យោងតាមរបាយការណ៍ របស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ បាណកសាស្ដ្រ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃ ទី២៦ ខែកក្កដា ឆ្នាំ២០១២នេះបានឲ្យដឹងថា ក្នុង២៨សប្ដាហ៍ដើមឆ្នាំ២០១២ ចំនួនករណីកុមារគ្រុនឈាម ចូលសម្រាកព្យាបាលសេវា សាធារណៈមានចំនួន ១៧.៩៣៥ នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៤នាក់។ ចំពោះករណីឈឺ មានការកើនឡើង ២២៩ភាគរយ បើប្រៀបធៀបឆ្នាំ២០១១ មានករណីឈឺចំនួន៥.៤៤៤នាក់ ក្នុងនោះ ០,៥៥ភាគរយ ដែលមាន ២៩នាក់ បានស្លាប់បាត់បង់ជីវិត។

តាមរបាយការណ៍ ក៏បានបញ្ជាក់ថា កំណើន ២២៩ភាគរយ ដែលប្រៀបធៀប ២៦សបា្ដហ៍ឆ្នាំ២០១១-២០១២នេះ មិនខ្លាំងដូច ១៩សបា្ដហ៍ ២០១១-២០១២ទេ ដែល កាលណោះកើន ៣៩៣ភាគរយ។ ដើមឆ្នាំ២០០៧ មានករណីឈឺ ២៣.៩៩៥នាក់ និងស្លាប់ ២៧៩នាក់ (អត្រាស្លាប់ ១,១៦ភាគរយ ក្នុង២៧សប្ដាហ៍ដូចគ្នា។ ចំណុចល្អ គឺអត្រាស្លាប់ក្នុងអ្នកជំងឺ ១០០នាក់ ឆ្នាំ២០១២ ទាបជាងឆ្នាំ២០០៧ យ៉ាងច្រើន។

ក្រាហ្វីកករណីឈឺ ប្រចាំសប្ដាហ៍ឆ្នាំ២០១២ ដែលបានដើរតាមគន្លងឆ្នាំ២០០៧ ចាប់ពីសបា្ដហ៍ទី៨ ដល់សបា្ដហ៍ទី១៥ ប៉ុន្ដែក្រោយពីក្រសួងបានចែកថ្នាំអាបែត ប្រហែល ១៤០តោន ដល់ ខេត្ដ-ក្រុង ការវិវត្តប្រចាំសបា្ដហ៍ឆ្នាំ២០១២ បានចាប់បែកចេញពីគន្លងឆ្នាំ២០០៧ ពីសបា្ដហ៍ទី១៦ មកនៅកំរិតទាបជាង ២០០៧ រហូតដល់សប្ដាហ៍ ទី២៨នេះ។ ដោយទ្បែកថ្មីៗនេះ ចំនួនករណីឈឺប្រចាំសប្ដាហ៍ បានថយជាប់ៗគ្នា ២សបា្ដហ៍ហើយ គឺពី ២៣៦៥ករណី នាសប្ដាហ៍ទី២៦ មកនៅ ២០៩៣ករណីនា សប្ដាហ៍ទី២៨។

យ៉ាងណាក៏ដោយ មាតាបិតាទាំងអស់ ត្រូវបន្ដប្រុងប្រយ័ត្ន ថែរក្សាការពារកូនបន្ដទៀត ព្រោះបើតាមការសង្កេត និងបទពិសោធន៍កន្លងមក លុះត្រាតែដល់សប្ដាហ៍ ទី៣០ ទើបករណីឈឺ ចាប់ផ្ដើមថយចុះមែនទែន។

របាយការណ៍ឲ្យដឹងទៀតថា ចំនួនករណីឈឺ ក្នុងប្រជាជន ១សែននាក់ នៅ២៨សបា្ដហ៍ដើមឆ្នាំ២០១២នេះ មាន១២៦នាក់ ប៉ុន្ដែខេត្ដដែលមានអត្រាខ្ពស់ជាងគេ នៃ ចំនួនអ្នកឈឺ ក្នុងប្រជាជន១សែននាក់ គឺមានខេត្តបន្ទាយមានជ័យចំនួន ៣២៤នាក់, ឧត្ដរមានជ័យចំនួន២៣៣នាក់, សៀមរាបចំនួន២៣៨នាក់, កំពង់ស្ពឺចំនួន ១៧៥ នាក់, កណ្ដាលចំនួន១៨០នាក់, កំពង់ធំចំនួន១៣៩នាក់ និងព្រៃវែងចំនួន ១៣២នាក់។ ចំពោះខេត្ដដែលគ្មានផ្ទុះរាតត្បាត គឺមាន ខេត្តក្រចេះ ពោធិសាត់ មណ្ឌលគិរី ស្ទឹងត្រែង រតនគិរី និងកែប។

ចំពោះមូលហេតុ ដែលមានករណីឈឺបានកើនឡើង គឺដោយសារមូលហេតុ៤យ៉ាង៖ទី១. គឺដោយឆ្នាំនេះ ជាឆ្នាំទី៥ នៃវដ្ដនៃការរាតត្បាត បើរាប់ពីឆ្នាំ២០០៧ មក ហើយសន្ទស្សន៍មូសឆ្នាំ២០១២ ខ្ពស់ជាងឆ្នាំ២០០៧ យ៉ាងច្រើន។ ទី២.គឺដោយការឆ្លើយតបជាវិជ្ជមានរបស់ប្រជាជនដែលព្រមយកកូនមកព្យាបាលនៅ សេវា សាធារណៈតាមការអំពាវនាវរបស់ក្រសួង។ទី៣.កុមារដែលគ្រូពេទ្យព្យាបាលដោយវិនិច្ឆ័យថាគ្រុនឈាមទាំង ១៧.៩៣៥នាក់នោះ តាមពិតមិនមែនសុទ្ធតែ គ្រុនឈាម មែនទែនទាំងអស់ទេ គឺមានការច្រទ្បំគ្រុនឈីក ព្រោះថា គ្រុនឈីក១ចំនួន មានសញ្ញាប្រហែល គ្រុនឈាម ប្រភេទស្រាល។

ការរាយការណ៍ លាយទ្បំគ្រុនឈីកថា ជាគ្រុនឈាម នាំឲ្យលទ្ធផលគណនាអត្រាស្លាប់ ក្នុងជំងឺ១០០០នាក់ ឃើញស្លាប់ ៤នាក់ ដែលជាកំរិតទាបជាងឆ្នាំ២០០៧ ដែលកាលនោះជំងឺ ១០០០នាក់មានស្លាប់រហូតដល់ទៅ ១២នាក់។ មន្ទីរពិសោធន៍នៅតាមមន្ទីរពេទ្យលំបាកនឹង បែងចែកថា មួយណា គ្រុនឈីក ឬក្រុនឈាម ណាស់។ មានតែវិទ្យាស្ថានប៉ាស្ទ័រទេ ទើបវិភាគបែងចែកដាច់ពីគ្នាបាន ហើយថវិកាចំណាយវិភាគ កុមារ ១នាក់ ប្រហែល ១០០ដុល្លារ។

ការពិនិត្យឈាម ដែលរើសដោយ ចៃដន្យយកមកវិភាគនៅ វិទ្យាស្ថានប៉ាស្ទ័រ ចំនួន៥០នាក់នៅបន្ទាយមានជ័យ និងឧត្ដរមានជ័យ ឃើញថា មាន៤២ភាគរយ វិជ្ជមាន វីរុសគ្រុនឈាម, ៤៦ភាគរយ វិជ្ជមានវីរុសឈីក,២ភាគរយ វិជ្ជមានវីរុសគ្រុនឈាមផង គ្រុនឈីក,១២ភាគរយ អវិជ្ជមានវីរុសឈីក ឬ គ្រុនឈាម។ ទី៤.ដោយសន្ទស្សន៍ មូស ឆ្នាំ២០១២ ខ្ពស់ជាងឆ្នាំ២០០៧ ដែលជាឆ្នាំមានការរាតត្បាតធំ។

ចំនួនដង្កូវទឹកជិតដុះស្លាប ក្នុងប្រជាជន ១នាក់ មាន ៣ក្បាលសម្រាប់ប្រជាជន១នាក់ តាំងពីរដូវ ប្រាំងមក (ឆ្នាំ២០០៧ មានតែ២ក្បាលទេ)។ សន្ទស្សន៍សុវត្ថិភាព កំណត់ ដោយអង្គការសុខភាពពិភពលោក មិនឲ្យលើសពី ១ក្បាលទេ។ យើងបានធ្វើចលនាសហគមន៍តាមការផ្សព្វផ្សាយ អាចទប់មិនឲ្យសន្ទទស្សន៍នេះ កើននៅ រដូវវស្សា។ តាមសន្ទស្សន៍មូសនេះ អាចមានចំនួនឈឺច្រើនជាងឆ្នាំ២០០៧ ប៉ុន្ដែ ជាក់ស្ដែងមានតិចជាង។ ការផ្ទុះឆ្នាំនេះ ចំនួនឈឺមាន ១ភាគ៤ នៃឆ្នាំ២០០៧៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

Comments are closed.

$2.95 .Com at GoDaddy.com!